ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 676 ដង / 2016-06-23, 11:21:55

អស់ស្ទះ! ពាណិជ្ជករអីុតាលី ចំណាយពេលសង់ភូមិគ្រឹះដ៏ប្រណីតរាប់ឆ្នាំ ទីបំផុត ដាក់លក់តម្លៃ ៦៥លានដុល្លារ

ភូមិគ្រឹះដ៏ស្រស់ស្អាត ស្ថិតនៅកោះដ៏ស្រស់ត្រកាលមួយកន្លែង របស់កំពូលពាណិជ្ជករជនជាតិអីុតាលី កំពុងតែធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីរូបភាពជាច្រើន នៃភូមិគ្រឹះដ៏ប្រណីតមួយនេះ បានបង្ហោះចែកចាយលើប្រព័ន្ធអីុនធឺណែតរួចមក។

បើតាមប្រភពបានឲ្យដឹងថា ពាណិជ្ជករជនជាតិអីុតាលី លោក Frank Luppi បានចំណាយពេលជាង៣០ឆ្នាំ ដើម្បីសាងសង់ភូមិគ្រឹះដ៏ស្អាតប្រណីតមួយនេះឡើង លើផ្ទៃដីដ៏ធំជាង ៨ហិចតា មានទីតាំងស្ថិតនៅលើកោះ Jupiter ដ៏ស្រស់ត្រកាល ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

ប្រភពបន្តថា ភូមិគ្រឹះដ៏ប្រណីតនេះ ជាសំណង់ដែលមានរចនាបថបែបអឺរ៉ុប ក្នុងចន្លោះសតវត្សទី១៤ ដល់ ១៦ ឬហៅថាថា “Renaissance-Style” ដែលបានដាក់លក់លើទីផ្សារអចលនទ្រព្យ ក្នុងរង្វង់ទឹកប្រាក់ជាង ៦៥លានដុល្លារអាមេរិក។

ជាមួយគ្នាដែរ ការសាងសង់ភូមិគ្រឹះដ៏ស្កឹមស្កៃនេះ មានគេហដ្ឋានចំនួន៧ខ្នងដាច់ផ្សេងពីគ្នា មានបន្ទប់គេងចំនួន ១៨បន្ទប់​។ ទីនោះបែរមុខបង្អួតសម្រស់នៅលើកោះជាមួយនឹងទិដ្ឋភាពយ៉ាងស្រស់ស្អាត ទៅកាន់មហាសមុទ្រអាត្លង់ទិច។

ក្នុងនោះផងដែរ មានជាប្រភេទ ភូមិគ្រឹះវីឡាបែប Main House និងផ្ទះសំណាក់ចំនួន៤ផ្សេងទៀត និងរួមមានអាងហែលទឹកចំនួន៣ បន្ទប់ស្ទីម  សូណា  បន្ទប់ហាត់ប្រាណ បន្ទប់ទទួលភ្ញៀវ និងផ្ទះបាយផងដែរ។

បើយោងតាមប្រភពសារព័ត៌មាន The Wall Street Journals ឲ្យដឹងថា លោកពាណិជ្ជករ Luppi បានចាប់ផ្តើមសាងសង់ភូមិគ្រឹះនេះឡើង តាំងពីក្នុងឆ្នាំ១៩៨០ មកម៉្លេះ ដែលទើបតែបញ្ចប់ការសាងសង់ កាលពីប៉ុន្មានខែកន្លងទៅនេះប៉ុណ្ណោះ។

លើសពីនេះលោក Frank Luppi ក៏ជាម្ចាស់អចលនទ្រព្យធំៗ​ចំនួន ១៤កន្លែងផ្សេងគ្នា នៅជុំវិញពិភពលោកផងដែរ។ សម្រាប់ការលក់ ភូមិគ្រឹះដ៏ប្រណីតនេះដែរ រូបលោកមិនបានប្រាប់ហេតុផលច្បាស់លាស់ថា ហេតុអ្វីបានជាគាត់ចង់លក់ឡើយ៕ 

ទស្សនាបណ្តុំរូបភាព នៃភូមគ្រឹះដ៏ល្អប្រណិតខាងក្រោមនេះទាំងអស់៖