ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 839 ដង / 2016-06-30, 16:04:29

ស្ទើរមិនគួរឲ្យជឿ! ៩៩.៨% នៃប្រជាជនអ៊ីស្លង់ បានទស្សនាការប្រកួតបាល់ទាត់ ពេលប៉ះជាមួយនឹងអង់គ្លេស

គេថា រឿងអ្វីក៏អាចកើតឡើងបានដែរក្នុងបាល់ទាត់ ជាក់ស្តែងដូចរឿងមួយនេះអញ្ចឹង សឹងតែគ្រប់ប្រជាជនទាំងអស់នៃប្រទេស អ៊ីស្លង់ ពោលគឺ ៩៩.៨% នៃប្រជាជនសរុប បានទស្សនាការប្រកួតរបស់ក្រុមខ្លួន ជាមួយនឹង ក្រុមជម្រើសជាតិអង់គ្លេស កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅ នៅតាមកញ្ចក់ទូរទស្សន៍ នេះបើយោងតាមប្រភពសាព័ត៌មានមួយដែលបានស្រាវជ្រាវដឹង ។

ប្រភពបានបន្តថា មានតែអត្រា ០.២% ប៉ុណ្ណោះដែលមិនបានទស្សនាតាមទូរទស្សន៍ ដោយសារពួកគេតាមដាននូវប៉ុស្ត៍ទូរទស្សន៍ផ្សេង។ សូមបញ្ជាក់បន្ថែមទៀតថា បើយោងតាមចំនួនប្រជាជនពិតប្រាកដវិញ ប្រទេសអ៊ីស្លង់ ដែលមានប្រជាជនប្រមាណ ៣៣ម៉ឺននាក់ គឺមានប្រហែលតែ ៦៥០នាក់ប៉ុណ្ណោះ ដែលមិនបានទស្សនាការប្រកួត។

ប្រភពដដែលបានបន្តទៀតថា ក្នុងចំនោមប្រជាជាន ៣៣ម៉ឺននាក់នេះ ក៏មានអ្នកគាំទ្រប្រមាណ ២ម៉ឺន៧ពាន់នាក់ ដែលស្មើនឹង ៨% នៃប្រជាជនសរុប បានទៅទស្សនាផ្ទាល់ព្រឹត្តការណ៍ EURO នៅប្រទេសបារាំងផងដែរ។

នេះបញ្ជាក់ឲ្យឃើញថា ចលនា និងកម្លាំងនៃការគាំទ្រ នៃប្រជាជនរបស់គេ ជាមួយក្រុមជម្រើសជាតិ ពិតជាគួរឲ្យកោតសរសើរ ហើយអ្វីដែលរឹតតែអស្ចារ្យទៀតនោះ គឺក្រុមជម្រើសជាតិ អ៊ីស្លង់ បានបំបាក់ក្រុមខ្លាំង អង់គ្លេស ២-១ នៅក្រោមក្រសែភ្នែកនៃអ្នកទស្សនា ៩៩.៨% នៃប្រជាជនសរុបនោះ។

សូមបញ្ជាក់ផងដែរថា អ៊ីស្លង់ នឹងឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ដោយត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះ បារាំង នៅពេលខាងមុខនេះ៕

ដូច្នេះ ចាំមើលថា អ៊ីស្លង់ អាចបន្តភាពអស្ចារ្យរបស់ខ្លួនដែររឺទេ?