វីដេអូស្តែងមួយ ថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីសកម្មភាព របស់ពួក ISIS ចូលទៅបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងបរិវេណព្រលានយន្តហោះ បានកំពុងតែធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍ និងតក់ស្លុតយ៉ាងខ្លាំង។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីយប់ថ្ងៃពុធម្សិលមិញនេះ មានអំពើភេរវកម្មមួយ បានវាយប្រហារទៅលើ ព្រលានយន្តហោះ Ataturk ដែលស្ថិតនៅក្នុងទីក្រុង Istanbul ប្រទេសតួកគី ដោយក្នុងនោះផ្អែកលើរបាយការណ៍ចុងក្រោយ បានបញ្ជាក់ថា មានមនុស្សយ៉ាងហោចណាស់ ៤១នាក់បានស្លាប់ និង២៣៩នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល។
ស្របពេលជាមួយគ្នានេះដែរ សកម្មភាពរបស់ភេរវករម្នាក់ ដែលបានដើរចូលមកបំផ្ទុះ គ្រាប់បែកអត្ថឃាត ស្ថានីយ៍អ្នកដំណើរ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពមួយ ហើយមនុស្សជាច្រើន កំពុងតែមានការចាប់អារម្មណ៍ ទៅលើវីដេអូមួយនេះ។
បើយើងមើលតាមវីដេអូ នោះយើងនឹងបានឃើញថា ក្នុងអំឡុងពេលដែល មានមនុស្សជាច្រើន កំពុងដើរទៅមកនៅក្នុងស្ថានីយ៍ ក៏ស្រាប់តែមានបុរសម្នាក់ ដើរចូលមកយ៉ាងលឿន រួចក៏បំផ្ទុះគ្រាប់បែក ដែលបង្កប់នៅក្នុងអាវកាក់របស់គេភ្លាមៗ ដែលនាំឲ្យមានកម្លាំងផ្ទុះយ៉ាងខ្លាំងនៅទីនោះ។
ក្រុមប៉ូលីសបានអះអាងថា ក្នុងសកម្មភាពវាយប្រហារ របស់ក្រុមសកម្មជន ឥស្លាមជ្រុលនិយម ISIS មិនត្រឹមតែមានជាលក្ខណៈ បំផ្ទុះគ្រាប់បែកអត្តឃាតប៉ុណ្ណោះទេ ក៏នៅមានសកម្មជនផ្សេងទៀត ឈរចាំនៅខាងក្រៅស្ថានីយ៍ ប្រដាប់ដោយកាំភ្លើង AK-47 ធ្វើការបាញ់រះទៅលើ ក្រុមមនុស្សដែលព្យាយាមរត់ចេញមកខាងក្រៅ តែទោះយ៉ាងណា ក្រុមប៉ូលីសរក្សាសន្តិសុខ នៅទីនោះ ក៏បានធ្វើការរារាំង និងបង្ក្រាប ដែលនាំឲ្យចំនួន មនុស្សស្លាប់ មិនមានទំហំធំធេង៕
ខាងក្រោមនេះគឺជា វីដេអូដែលថតបាន អំពីសកម្មភាពរបស់ភេរវករ៖