អ្នកនាង អម្ពរ ទេវី នឹងមកពីអាមេរិកដើម្បីចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះនាថ្ងៃទី១៤ ខែសីហាខាងមុខនេះ ដំណឹងនេះបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ។
បន្ទាប់ពីអ្នកស្រីពាន់ ភួងបុប្ផា ដែលចុះកិច្ចសន្យាសហការផលិតភាពយន្តជាមួយផលិតកម្មថោន អះអាងថា អ្នកនាងអម្ពរ ទេវី នឹងចូលរួមសម្តែងក្នុងរឿង «ទឹកចិត្តម្តាយសម័យថ្មី» ដោយចាប់ផ្តើមថតចាប់ពីថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី២៧ សីហា អ្នកនាងអម្ពរ ទេវី នឹងត្រឡប់ទៅអាមេរិកវិញ
កាលពីពេលថ្មីៗកន្លងមក អ្នកស្រី ពាន់ ភួងបុប្ផា បញ្ជាក់ថា អ្នកនាង អម្ពរ ទេវី គឺជាតួសំខាន់ក្នុងរឿង«ទឹកចិត្តម្តាយសម័យថ្មី» ដោយត្រូវសម្ដែងជាតួជំទាវជាមួយលោក ទេព រិនដារ៉ូ ។ ដោយសារតែផលិតកម្មថោនដែលជាអ្នកបោះទុនផលិត មានប្រព័ន្ធផ្សព្វផ្សាយខ្លាំង ហើយរឿង «ទឹកចិត្តម្តាយសម័យថ្មី» មានការចូលរួមសម្តែងពីអ្នកនាងអម្ពរ ទេវី ដែលនៅមានប្រជាប្រិយភាពក្នុងស្រទាប់មហាជននោះ អ្នកស្រីបុប្ផា មានជំនឿថា នឹងស្រូបទាញបានទស្សនិកជនច្រើន ។
កិត្តិស័ព្ទរបស់តារាស្រី អម្ពរ ទេវី គឺជាអ្វីដែលផលិតករចង់ឱ្យចូលរួមសម្ដែងជាតួឯក ហើយអ្នកស្រី ពាន់ ភួងបុប្ផា យល់ថា ជាកិត្តិយសរបស់អ្នកស្រីផងដែរ ដែលអ្នកនាង អម្ពរ ទេវី ទទួលសម្តែងក្នុងរឿង «ទឹកចិត្តម្តាយសម័យថ្មី» ។
អ្នកស្រីពាន់ ភួងបុប្ផា ឱ្យដឹងថា «អ្នកនាងអម្ពរ ទេវី ទទួលថតរឿង ទឹកចិត្តម្ដាយសម័យថ្មី គឺដោយសារតែហេតុផលជំពាក់សម្ដី និងជឿជាក់លើស្នាដៃផលិតរបស់ខ្ញុំប៉ុណ្ណោះ បើសម្អាងរឿងផ្សេងគឺ អម្ពរ ទេវី មិនទទួលថតទេ នៅក្នុងកាលៈទេសៈដែលនាងរវល់នឹងការងារក្រុមហ៊ុននៅអាមេរិកនេះ ។ ពីមុន អម្ពរ ទេវី និងខ្ញុំធ្លាប់ទាក់ទងគ្នាជិតដិតដែរ កាលពីអតីតកាលផ្ទះគាត់នៅជិតផ្ទះខ្ញុំម្តុំទួលស្វាយព្រៃ ។ គ្រានោះ ទេវី គាត់តែងពោលថា បើទោះខ្ញុំទៅនៅអាមេរិកក៏ដោយ ឲ្យតែអ្នកមីងត្រូវការ ខ្ញុំនឹងត្រឡប់មកសម្តែងជូនអ្នកមីងវិញ ។ ជាក់ស្តែង ខ្ញុំមើលទៅក្នុងសាច់រឿងនេះមានម្តាយបីនាក់ គឺឋានៈទី១ ម្តាយមានងារជាជំទាវធ្លាក់លើ អម្ពរ ទេវី ។ ខ្ញុំរកតួស្រុកខ្មែរអត់មាន តួខ្លះសម្តែងមិនសូវស័ក្តិសម ព្រោះតួខ្លះត្រូវមានឈ្មោះដែរ ។ អ៊ីចឹងហើយទើបគិតចុះឡើងគាត់ក៏ទាក់ទងតាមទូរស័ព្ទទៅ គាត់ក៏សប្បាយចិត្ត ព្រមទទួល យើងក៏រីករាយដែរនៅពេលគាត់អូខេ ថាសម្តែង ដោយសារជឿមកលើស្នាដៃខ្ញុំ ។ អម្ពរ ទេវី ថា ប្រសិនបើមិនមែនជាអ្នកមីងទេ ខ្ញុំអត់សម្តែងទេ ទោះជាតម្លៃប៉ុន្មានក៏ដោយ ។ អ៊ីចឹងសូមផ្ញើស្នាដៃរបស់ អម្ពរ ទេវី ជូនបងប្អូនយើងដែលគាត់ត្រឡប់មកវិញ ហើយប៉ះជាមួយដៃគូចាស់ ទេព រិនដារ៉ូ ដែលយើងខកខានឃើញយូរមកហើយ» ៕