ត្រូវបានគេចាត់ទុកថាជាសិល្បករមួយរូបដែលមានឥទ្ធិពលក្នុង រង្វង់សិល្បៈកូរ៉េក៏ដូចជាអាស៊ីតែតារាចម្រៀងត្របកភ្នែកមួយជាន់ Rain មិនដែលបំភ្លេចឡើយនូវទុក្ខសោកវេទនាកាលពីក្មេងរបស់ខ្លួន។
Rain កាលនៅរៀនថ្នាក់អនុវិទ្យាល័យ
នៅប្រទេសកូរ៉េ កេរ្តិ៍ឈ្មោះរបស់តារាចម្រៀង Rain គឺគ្មានអ្នកណាមិនស្គាល់នោះទេ។ រីឯលើវិថីស្នេហាវិញ លោកក៏ទទួលជោគជ័យមិនធម្មតាដែរនៅពេលមានមិត្តស្រីជាកំពូលតារា សម្ដែង Kim Tae Hee។ បើទោះបីជាជោគជ័យយ៉ាងណាក៏ដោយ តែម្ចាស់បទ “La Song” មិនដែលបំភ្លេចទេនូវអនុស្សាវរីយ៍ដ៏ជូរចត់កាលពីក្មេងរបស់ខ្លួន។
Rain ដែលមានឈ្មោះពិតថា Jung Ji Hoon នោះធ្លាប់ចែករំលែកពីជីវភាពកម្សត់កម្ររបស់គ្រួសារលោក។ ក្រោយពេលគ្រួសារក្ស័យធនព្រោះរកស៊ីឡុងចុងរួចមក ម្ដាយរបស់ Rain ដឹងថាខ្លួនកើតជំងឺទឹកនោមផ្អែម។ ដោយគ្មានលទ្ធភាពព្យាបាលជំងឺ អ្នកមានគុណរបស់តួរឿង “បំណុលផ្ទះជំពាក់ស្នេហ៍” ក៏បានចែកឋានមិនយូរក្រោយមក។ ជីវិតរបស់ Rain ចាប់ផ្ដើមដល់ផ្លូវទាល់នៅពេលយុវជនរូបនេះត្រូវដើររកការងារធ្វើ បណ្ដើរនិងរៀនបណ្ដើរដើម្បីចិញ្ចឹមជីវិត។
Rain និង Kim Tae Hee
“នៅពេលនោះ សូម្បីតែទឹកសុទ្ធក៏ខ្ញុំគ្មានផឹកផង។ ខ្ញុំត្រូវផឹកទឹកដែលបានដាំទុកចោលសល់ពីច្រើនថ្ងៃមុន។ តើមានអ្នកយល់អារម្មណ៍ដែលផឹកទឹកមានខ្សាច់នៅក្នុងនោះដែរទេ? ខ្ញុំចាំអារម្មណ៍នោះច្បាស់ណាស់”។ Rain នឹកឡើងវិញ។ ដោយសារតែស្រលាញ់វិស័យចម្រៀង Rain ចាប់ផ្ដើមសុំគេចូលរៀនរាំនិងច្រៀងតាមក្លឹបនានា។ “ខ្ញុំស្នេហាវិស័យចម្រៀង ហើយខ្ញុំគិតថានោះក៏ជាវិធីដែលអាចជួយខ្ញុំរកលុយផងដែរ”។
គួរសោកស្ដាយ Rain មិនត្រូវបានផលិតកម្មណាទទួលបណ្ដុះបណ្ដាលទាំងអស់។ ក្រុមហ៊ុនជិត២០បានបដិសេធតារាកើតឆ្នាំ ១៩៨២ ដោយលើកមូលហេតុថា៖ “ទម្រង់មុខមិនត្រូវតាមស្តង់ដារ ត្របកភ្នែកតែមួយជាន់” បើទោះបីជាពួកគេពេញចិត្តនឹងសមត្ថភាពរាំរបស់ Rain ក៏ដោយ។
“នោះគឺជាពេលវេលាដែលយ៉ាប់យ៉ឺនបំផុតនៅពេលគ្រួសារខ្ញុំត្រូវគេ ស្អប់ខ្ពើមហើយខ្ញុំត្រូវគេរើសអើងព្រោះរូបសម្បត្តិ។ ខ្ញុំធ្លាប់គិតចង់ទៅវះកាត់កែសម្ផស្សដែរតែគ្មានលទ្ធភាព”។ Rain រៀបរាប់។ យ៉ាងណាក្ដី ភ័ព្វសំណាងបានមកដល់ជាមួយ Rain នៅពេលលោកចូលប្រលងក្នុងកម្មវិធីសាកសំឡេងដែលត្រូវបានរៀបចំឡើង ដោយផលិតកម្ម JYP។ បន្ទាប់មក លោកត្រូវបានតារាចម្រៀង Park Jin Young ចាប់អារម្មណ៍។ “ខ្ញុំធ្លាប់ធ្វើជាអ្នករាំឲ្យតារាចម្រៀងរបស់ផលិតកម្ម JYP។ នោះគឺជារឿងដ៏អស្ចារ្យមួយ”។ ឆ្នាំ ២០០២ Rain បង្ហាញមុខជាលើកទី១ជាមួយអាល់ប៊ុម Bad Guy និងចាប់ផ្ដើមល្បីឈ្មោះយ៉ាងឆាប់រហ័ស។ មនុស្សជាច្រើនជឿជាក់ថា ផលិតកម្មទាំងឡាយដែលបានបដិសេធលោកកាលពីមុនគឺពិតជាសោកស្ដាយ ខ្លាំងណាស់ដែលធ្វើឲ្យរបូតទេពកោសល្យមួយដូចនេះ៕