យោងតាមព័ត៌មានដែលបានចុះផ្សាយថ្មីៗនេះបានអោយដឹងថា ពិធីមង្គលការរបស់អតីតអ្នកសិល្បៈជំទាវ ស្រីតូច ចំណាន ជាមួយនិងលោក ឧកញ៉ា គិត ម៉េង ដ៏អឹកធឹកនាពេលកន្លងមកនេះ គឺទទួលបានប្រាក់ចំណងដៃរហូតដល់ទៅជាង ១ លានដុល្លារ។
ព័ត៌មានដដែលបានអះអាងអំពីប្រភពដែលបានផ្តល់អោយថា ការរៀបចំពិធីមង្គលការដែលបានអញ្ជើញភ្ញៀវអោយចូលរួមពិសាអាហារចំនួន ៦ អាគារនៅមជ្ឈមណ្ឌលកោះពេជ្របានចំណាយអស់ប្រាក់សរុបអស់ប្រមាណជា ៣០ ម៉ឺនដុល្លារ ដោយក្នុងនោះរួមមាន ២០ ម៉ឺនដុល្លារចាយលើម្ហូបអាហារ និង ភេសជ្ជៈ រីឯចំណាយ ១០ ម៉ឺនដុល្លារទៀត ចាយលើសម្អាងការ កាត់សម្លៀកបំពាក់ថ្មីៗ និង តែងលម្អជាមួយផ្កាភ្ញី។ ហើយក្រោយពីទូទាត់រួចរាល់ហើយគឺចំណេញដល់ទៅ ១ លានដុល្លារឯណោះ។
សម្រាប់ជំទាវ ស្រីតូច ចំណាន ក៏បានទទួលកាដូពិសេសមុនថ្ងៃរៀបអាពាហ៍ពិពាហ៍ផង ដោយនាងទទួលបានកម្មសិទ្ធិផ្តាច់មុខនូវផ្ទះវិឡាស្ថិតនៅក្បែររង្វង់ មូលផ្សារដើមថ្កូវ។ ភូមិគ្រឹះដ៏ប្រណីតនេះ ត្រូវគេប៉ាន់ស្មានតម្លៃប្រមាណជាមិនតិចជាង ២ លាន ដុល្លារ នោះទេ។ ដូចនេះបើសរុបទៅជំទាវ ស្រីតូច ចំណាន បានចំណេញ ៣ លាន ដុល្លារ (បណ្ណាការគឺវិឡាតម្លៃ ២ លាន ដុល្លារ និង ចំណងដៃ ១ លាន ដុល្លារ)។
សូមបញ្ជាក់ផងដែរថា ពិធីមង្គលការដែលមានភ្ញៀវចូលរួមយ៉ាងច្រើនបែបនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ដោយមានការរៀបចំយ៉ាងសម្រិតសម្រាំងបំផុតពីព្រោះមានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបចូលរួម៕