បន្ថែមពីលើជំហរលែងលះឲ្យបានដាច់ខាតជាមួយលោក យ៉ែម សំអូន អ្នកនាង យ៉ាន លីនដា ក៏បញ្ជាក់ពីគម្រោង បែងចែកទ្រព្យក្នុងវិវាទប្ដឹងផ្ដល់នោះផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺផ្ទះ ដី រថយន្ត និងទ្រព្យរបស់មួយចំនួនទៀត អ្នកនាងប្រគល់ឲ្យស្វាមីទាំងអស់ជាថ្នូរនឹងសិទ្ធិទទួលបានកូន និងការលែងលះ។
អ្នកនាងយ៉ាន លីនដា បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារVODថាគម្រោងលែងលះកាន់តែមានដំណើរឆ្ពោះទៅមុខ នៅដើមសប្ដាហ៍នេះ បន្ទាប់ពីបានពិភាក្សាច្រើនលើកច្រើនសារជាមួយមេធាវី។ ក្នុងបណ្ដឹងលែងលះ អ្នកនាងមិនបានទាមទារបែងចែកទ្រព្យសម្បត្តិរួមសូម្បីតែមួយចំណែកនោះទេ ក្រៅពីសង្កត់ធ្ងន់លើសិទ្ធិគ្រប់គ្រងកូនតែម្នាក់ឯងក្រោយពេលលែងលះ។ ហេតុផលនៃការធីបចោលបណ្ដឹងចែកទ្រព្យ គឺដោយសារតែអ្នកនាងមិនចង់ឲ្យរឿងវិវាទបន្តរសេមរសាម បណ្ដាលពីការប្ដឹងជំទាស់ពីសំណាក់ស្វាមី នាំឲ្យកើតបញ្ហាវែងឆ្ងាយ។ អ្នកនាងនិយាយថា«ក្នុងរយៈពេលជាង១០ឆ្នាំហ្នឹង ខ្ញុំ និងគាត់ចាប់ដៃគ្នាសល់ទ្រព្យបានច្រើន ប៉ុន្តែខ្ញុំអត់ប្ដឹងចែកទេ គឺទុកឲ្យគាត់ទាំងអស់ សុំយកតែកូនប៉ុណ្ណោះ ខ្ញុំគិតថាលក្ខណ្ឌរបស់ខ្ញុំគាត់ពិតជាព្រម ព្រោះកូនបើទោះជាគាត់ចង់បាន ក៏មិនកើតនោះដែរ ដោយសារតែនៅស្រុកគេ ក្មេងចាប់ពីអាយុ១០ឆ្នាំទៅ គេសួរយោបល់កូន ហើយគាត់ប្រាកដជាដឹងថាកូនជ្រើសយកអ្នកណា?!»។
ទ្រព្យសម្បត្តិរួមដែលអ្នកនាងបានសំដៅនោះ រួមមានដីមួយប្លង់នៅខេត្តកំពង់ធំ ផ្ទះវីឡាមួយកន្លែង ខុនដូមួយកន្លែង រថយន្តឡិចស៊ីស៤៧០ពណ៌ខ្មៅមួយគ្រឿង និងទ្រព្យរបស់កំប៉ុកកំប៉ុកជាច្រើនទៀត។ ទ្រព្យរបស់ទាំងនេះ អ្នកនាងប្រាប់ថាបានមកដោយលំបាកបំផុតពីការតស៊ូច្រៀងរាំទាំងប្ដីប្រពន្ធនាពេលកន្លងមក។ អ្នកនាងបន្តថាបើទោះជាក្នុងពេលខ្លះ អ្នកនាងជាអ្នកមានឱកាសរកបានជាង ក៏អ្នកនាងនៅតែអះអាងថា នោះគឺទ្រព្យដែលអាចទិញបានពីការខំប្រឹងស្មើគ្នា។ តារារូបនេះនិយាយថា«ប៉ុន្មានឆ្នាំហ្នឹងខ្ញុំទទួលការងាច្រើនជាងគាត់ ពិសេសការថតម៉ូដ និងធ្វើជាពិធីការិនីបកប្រែភាសាជាដើម ប៉ុន្តែពេលច្រៀង ពួកខ្ញុំមានគេហៅម្ដងទាំង២ៗដូចគ្នាទេ!»។
អ្នកនាងប្រាប់ថាវីឡាដែលខ្លួនទិញបានជាប្រភេទវីឡាភ្លោះស្ថិតក្នុងបុរីប៉េងហួតនៅម្ដុំផ្សារច្បារអំពៅ រីឯបន្ទប់ខុនដូ ស្ថិតនៅអគារ៩៩៩ នៅក្នុងតំបន់បឹងទំពុន។ យ៉ាងណាមិញ ផ្ទះវីឡា និងខុនដូដែលបានទិញនោះ នៅមិនទាន់បង់ផ្ដាច់នៅឡើយទេ បើទោះជាបានកាត់ឈ្មោះជាបណ្ដោះអាសន្នឲ្យអ្នកនាង និងលោកយ៉ែម សំអូន កាន់កាប់ទៅហើយនោះក្ដី។ អ្នកនាងនិយាយថា«ទ្រព្យសម្បត្តិធំៗរបស់ពួកខ្ញុំ មានតែវីឡានៅបុរីប៉េងហូត ខុនដូហ្នឹងនៅ៩៩៩ ដីមួយកន្លែង និងឡានដែលគាត់ជិះហ្នឹងទេ ខ្ញុំប្រគល់ឲ្យគាត់ទាំងអស់ ព្រោះគិតថាគាត់ខំរកលុយមកទាំងលំបាក ចំណែកខ្ញុំនៅនេះ(អូស្រ្តាលី) អាចធ្វើនេះធ្វើនោះ ចិញ្ចឹមខ្លួន និងកូនបានទេ! ទុកឲ្យគាត់ចុះ ទោះជាខ្ញុំត្រូវទទួលបន្ទុកចិញ្ចឹមកូនក្រោយពេលលែងលះ!»។
អ្នកនាងប្រាប់ថា វីឡានៅបុរីប៉េងហួត មានតម្លៃប្រមាណជា២០ម៉ឺនដុល្លារ រាប់ទាំងការបំពាក់គ្រឿងសង្ហារឹម និងជួសជុលកែកុននោះផង។ ក្នុងនោះ អ្នកនាង និងស្វាមីបង់បានជាងពាក់កណ្ដាលរួចហើយ ដោយសល់តែប៉ុន្មានម៉ឺនដុល្លារទៀតប៉ុណ្ណោះនឹងបង់រួចរាល់។ ដោយឡែកសម្រាប់ បន្ទប់ខុនដូនៅបុរី៩៩៩ គឺមានតម្លៃជាង៣ម៉ឺនដុល្លារ ហើយការបង់ប្រាក់ក៏ជិតរួចរាល់ផងដែរ បើទោះជាការសាងសង់ត្រូវបានរាំងស្ទះ បន្ទាប់ពីលោកថោង សារ៉ាត់ ម្ចាស់បុរី ត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងការសម្លាប់ឧកញ៉ាម្នាក់។ អ្នកនាងនិយាយថា ទោះជាមានរឿងបែបនោះ ក៏ខុនដូដែលខ្លួនបានទិញ នឹងបានរួចរាល់មិនមានបញ្ហាចោទនោះទេ ក្នុងពេលដ៏ខ្លី។ អ្នកនាងនិយាយថា«ការពិតទ្រព្យរបស់ហ្នឹងមិនតិចទេ ហើយខ្ញុំក៏ប្រឹងមិនតិចដែរទម្រាំបានមក ប៉ុន្តែខ្ញុំអត់តោងទាមទេ បើថ្ងៃក្រោយគាត់ចង់ចែកខ្លះឲ្យកូន គឺជារឿងរបស់គាត់ សម្រាប់ខ្ញុំសុំតែលែងប៉ុណ្ណោះ!»។
ឆ្លើយតបនឹងការបញ្ជាក់ខាងលើ លោកយ៉ែម សំអូន មិនផ្ដល់បទសម្ភាសន៍នោះទេ បូករួមទាំងរឿងប្រគល់ទ្រព្យរួមរបស់អ្នកនាងយ៉ាន លីនដា ឲ្យលោកទាំងស្រុងនេះផង។ តារាចម្រៀងរូបនេះនិយាយថា«សុំទោសខ្ញុំអត់ចង់និយាយអីទេ គាត់និយាយយ៉ាងមិច ទុកឲ្យគាត់និយាយទៅ!»។ យោងតាមការបញ្ជាក់ អ្នកនាងយ៉ាន លីនដា ពិតជាមិនវិលត្រឡប់ក្រោយនោះទេ ទើបសូម្បីតែទ្រព្យរួមដែលប្រឹងរកបាន ក៏មិនសុំបែងចែកសូម្បីមួយចំរៀក ក្រៅពីសុំលែងលះ និងទទួលបានសិទ្ធិគ្រប់គ្រងកូនស្រីឈ្មោះយ៉ែម វីរ៉ូនីខា វ័យ១៤ឆ្នាំ ក្រោយពេលដាច់ស្រេច។ អ្នកនាងនិយាយថាកូនស្រីជាអ្នកឯកភាពឲ្យអ្នកនាងលែងលះ ដោយសារតែអស់សង្ឃឹមនឹងភាពព្រងើយកន្តើយរបស់ឪពុក នាពេលកន្លងមក។ មិនខុសគ្នាដែរ លោកយ៉ែម សំអូន ក៏សារភាពថា មិនបានទទួលខុសត្រូវចំពោះកូនស្រីក្នុងនាមជាឪពុកផងដែរ ដោយសារតែជាប់រកលុយនៅស្រុកខ្មែរ៕