ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 847 ដង / 2016-06-29, 10:57:13

មិត្តភ័ក្រ្តនិងប្រពន្ធតើមួយណា សំខាន់ជាង?

មានប្តីប្រពន្ធមួយគូរទើបតែរៀបការបានមួយឆ្នាំ ប្រពន្ធនាងមានផ្ទៃពោះ5ខែហើយ បុរសជាប្តីមិនដែលខ្វល់អីទេ មួយថ្ងៃៗគិតតែជួបជុំពួកម៉ាកផឹកសីុ មិនដែលជួយធើ្វការនាង មិនដែលជួយទុក្ខធុរះនាងឡើយ ពេលទំនេរក៏ដើរបាត់ទុកនាងឲ្យនៅម្នាក់ឯងជាញឹកញាប់ទាំងដែលនាងកំពុងពរពោះ បុរសជាប្តីដើរផឹកសីុតាំងពីថ្ងៃរហូតដល់យប់ជ្រៅទើបចូលផ្ទះ នារីជាប្រពន្ធអត់ទ្រាំមិនបាន ទើបផ្ទុះកំហឹងនិយាយចេញមកថា “បងឯងមួយថ្ងៃៗគិតតែពីដើរផឹកសីុ អត់មានជួយធ្វើការខ្លះទេ គិតតែពីផឹកនិងទៅ ការងារមិនបាច់ធ្វើទេ” ប្តីលឺហើយនិយាយគំហកដាក់ប្រពន្ធ “គ្រាន់តែផឹកសីុប៉ុណ្ណឹងវាមិុច បើផឹកចង់មិុច ចង់មុិចចង់ទៅនិយាយមក” ប្រពន្ធលឺហើយបានត្រឹមសម្រក់ទឹកភ្នែកហើយដើរចេញទៅពួនយំម្នាក់ឯង នាងចង់ចាកចេញពីជីវិតគ្រួសារបែបនេះណាស់ តែនាងមិនអាចធ្វើបាន នាងគិតថានាងទើបតែរៀបការបានមួយឆ្នាំទេ បើនាងលែងលះគ្នា នាងនឹងត្រូវអ្នកជិតខាងសើចចំអក ហើយម្យ៉ាងទៀតគឺកូន ទើបនាងខំខាំមាត់សង្កត់ចិត្ត។

បុរសជាប្តីនៅតែសប្បាយហឺុហានឹងការផឹកសុីជួបជុំមិត្តភក្តិ ដោយមិនខ្វល់ពីសម្តីប្រពន្ធ ទើបជម្លោះលើកទីពីរ បានកើតឡើង “ការផឹកសីុយើងហ្នឹងសំខាន់ណាស់មែនទេ? បានផឹកៗដល់ថ្នាក់ហ្នឹង” បុរសជាប្តីបានឆ្លើយមកយ៉ាងកន្តើយថា”ធ្វើមេ៉ចបើមិត្តភក្តិបបួល” ប្រពន្ធនិយាយទៅកាន់ប្តីទៀតថា “ចឹងមិត្តភ័ក្ត្រយើងហ្នឹងសំខាន់ណាស់មែនទេ បានគេនិយាយអីតាមគេ ខ្ញុំជាប្រពន្ធនិយាយយើងមិនដែលស្តាប់ ” ប្តីឆ្លើយថា “គេបបួលត្រូវនៅកំដរគេទាល់តែចប់ចឹងហើយ” ។ ប្រពន្ធនិយាយទាំងអួលដើមកថា “ចឹងមិត្តភក្តិយើងរាល់គ្នាសំខាន់ណាស់មែនទេ បានមួយថ្ងៃៗយើងត្រូវកំដរមិត្តយើងផឹករហូតដល់យប់ យើងយកពេលទៅផឹកទៅកំដរមិត្តយើង ចុះខ្ញុំមានគិតពីខ្ញុំអត់ មានដែលគិតថានឹងនៅកំដរខ្ញុំអត់? ខ្ញុំត្រូវនៅម្នាក់ដល់យប់ណាណី ខ្ញុំត្រូវរកសីុ ប្រឹងគ្មានហ៊ានសំរាកទេ យើងមានដែលនៅជួយខ្ញុំអត់? ល្ងាចឡើងបិទតូបខ្ញុំត្រូវជិះមូ៉តូមកផ្ទះម្នាក់ឯង មានដែលគិតដល់ខ្ញុំអត់? យប់ឡើងខ្ញុំត្រូវហូបបាយម្នាក់ឯង មានដែលខ្វល់ពីខ្ញុំអត់? ថាខ្ញុំហ្នឹងបិទតូបនៅ? មកផ្ទះនៅ? បាយទឹកហើយនៅ? បានអីហូប? មានដែលគិតពីខ្ញុំអត់? មានដែលគិតពីចំណុច នេះអត់? ” បុរសជាប្តីគំហកឲ្យយ៉ាងខ្លាំង “ហើយវាស្អី! ទុំទាវមេ៉ស “ហើយក៏ដើរចូលបន្ទប់បាត់ទៅទុកឲ្យនាង យំម្នាក់ឯង។ ជម្លោះរវាងប្តីប្រពន្ធគូរនេះក៏បានស្ងាត់ទៅ ។

នៅយប់មួយបុរសជាប្តីបានត្រឡប់មកពីសីុផឹកដូចសព្វដង បើកទ្វារចូលផ្ទះស្រាប់តែងងឹតឈឹង ហើយស្រែករកប្រពន្ធមិនលឺសំលេងឆ្លើយ គេក៏បានបើកភ្លើងដើរទៅរកប្រពន្ធក្នុងបន្ទប់ ព្រោះចំលែកចិត្តមិនឃើញប្រពន្ធនៅអង្គុយចាំដូចរាល់ដង ដើរចូលដល់បន្ទប់មិនឃើញ្ញប្រពន្ធនោះទេ ឃើញតែក្រដាស់មួយសន្លឹកនៅលើពូក គេបានយកមកអាន ខ្លឹមសារក្នុងក្រដាស់នោះបានសសេរថា ” ខ្ញុំទ្រាំរស់នៅជាមួយ មនុស្សដែលមិនចេះគិត មិនចេះខ្វល់ពីខ្ញុំ ទៀតលេងបានហើយ ខ្ញុំខំទ្រាំហើយតែទ្រាំបានតែប៉ុណ្ណឹង កន្លងមកខ្ញុំខំទ្រាំដើម្បីគ្រួសារដ៏តូចមួយនេះសំរាប់យើង ខ្ញុុំទ្រាំដើម្បីកូន តែបងជាប្តីបងមិនដែលផ្តល់តម្លៃឲ្យគ្រួសារដ៏តូចមួយនេះទេ បងមិនដែលទុកប្រពន្ធសំខាន់ បងមិនដែលខ្វល់ពីប្រពន្ធមា្នក់នេះឡើយ ពេលបាយបងដែលខ្វល់ទេ ថាប្រពន្ធម្នាក់នេះបានអីហូប? មិនដែលខ្វល់ពីសុខទុក្ខប្រពន្ធទេ ទាំងដែលប្រពន្ធកំពុងពរពោះ ចឹងបងរស់នៅជាមួយការផឹកសីុ ហឺុហាសប្បាយ ជាមួយមិត្តបងចុះ ព្រោះបងខ្វះពួកគេមិនបាន ពេលបាយៗជាមួយប្រពន្ធមិនឆ្ងាញ់ទេ នៅជាមួយប្រពន្ធមិនមានក្តីសុខទេ ឲ្យតែគេខលហៅពេលណាទៅពេលហ្នឹង ចំណែកប្រពន្ធវិញចុចចង់បែកទូរស័ព្ទហើយ ចឹងបងរស់នៅជាមួយអ្វីដែលបងគិតថាបងខ្វះមិនបានទៅចុះ លាគ្មានថ្ងៃត្រឡប់” ។ បុរសជាប្តីអានចប់ទឹកភ្នែកហូរដោយមិនដឹងខ្លួន គេមិននឹកស្មានថាគេបានធ្វើអោយមនុស្សដែលគេស្រលាញ់ឈឺចាប់ដោយសារទង្វើរបស់គេដល់ថ្នាក់នេះសោះ គេគិតថាគ្រាន់តែផឹកសីុប៉ុណ្ណឹងគ្មានរឿងអីធំដំទេ ទាល់តែប្រពន្ធទៅបាត់ទើបភ្ញាក់ខ្លួន តែអ្វីបានហួសពេលទៅហើយ៕

 ចូរកុំបណ្តោយឲ្យអ្វីៗកន្លងផុតទៅទាំងដោយសោកស្តាយ ព្រោះពេលវេលាមិនអាចថយក្រោយបានទេ ចូរមើលថែមនុស្សដែលអ្នកស្រលាញ់ ហើយគេក៏ស្រលាញ់អោយបានល្អ កុំធ្វើបាបចិត្តនាងដោយទង្វើរបស់អ្នក ដែលអ្នកគិតថាវាជាងរឿងតិចតួច។

 មិត្តភ័ក្ត្រនិងប្រពន្ធសំខាន់ដូចគ្នា តែក្នុងការផ្តល់តម្លៃវាម្យ៉ាងម្នាក់ ត្រូវចេះបែងចែក្នុងការផ្តល់តម្លៃនិងពេលវេលា ប្រពន្ធគឺជាមនុស្សដែលរស់នៅក្បែរយើង ជាគ្រួសារយើង មុននឹងយើងខ្វល់ពីអ្នកដទៃ ត្រូវគិតពីអ្នកនៅក្បែរខ្លួនជាមុនសិន មិនមែនខ្វល់ពីអ្នកដទៃ យកចិត្តទុកដាក់នឹងអ្នកដទៃតែមិនដែលខ្វល់ពីមនុស្សក្បែរខ្លួននោះទេ ។

 

 

មិត្តភ័ក្រ្តនិងប្រពន្ធតើមួយណាសំខាន់ជាង?