ជំងឺមុខក្រហម ជាជំងឺសើស្បែកមួយប្រភេទ ដែលស្បែកមុខឡើងក្រហមកន្ទួល កន្ទួលមានខ្ទុះ មានលក្ខណៈប្រហាក់ប្រហែលជំងឺមុនដែរ ហើយវាច្រើនកើតនៅលើស្ត្រី។ ថ្ងៃនេះ Sabay បានសម្ភាសន៍លោក វេជ្ជបណ្ឌិត សេង ម៉ាឡា ឯកទេសជំងឺសើស្បែក និងកាមរោគ ដើម្បីឱ្យលោកពន្យល់ពីមូលហេតុ និងវិធីសាស្ត្រព្យាបាលខ្លីៗដល់ប្រិយមិត្ត ពិសេសអ្នកកំពុងជួបប្រទះបញ្ហានេះ បានយល់ដឹងដូចខាងក្រោម៖
រូបតំណាង
Sabay៖ ជម្រាបសួរលោក វេជ្ជបណ្ឌិត! តើលោកអាចប្រាប់បានទេថា តើជំងឺមុខក្រហមបណ្ដាលមកពីអ្វី?
វេជ្ជបណ្ឌិត សេង ម៉ាឡា៖ មកដល់ពេលនេះមិនទាន់មានអំណះអំណាងណាមួយ ដែលបង្ហាញថា ជំងឺនេះបណ្ដាលមកពីអ្វីនៅឡើយទេ ប៉ុន្តែមានកត្តាមួយចំនួនដែលអាចបង្កឲ្យកើតជំងឺនេះ គឺ ភាពមិនធម្មតារបស់សរសៃឈាម ការត្រូវកម្ដៅថ្ងៃ ការញ៉ាំចំណីអាហារដែលហឹរខ្លាំង ភេសជ្ជៈក្តៅ គ្រឿងស្រវឹង។ ការរស់នៅតំបន់ដែលមានសីតុណ្ហភាពត្រជាក់ខ្លាំង ឬក្ដៅខ្លាំងពេក ការប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីតលាបកម្រិតខ្លាំង ឬសារធាតុទាំងឡាយណាដែលធ្វើឲ្យងាយរលាកស្បែក តំណពូជ មេរោគ និងស្រ្តេស ជាដើម។
Sabay៖ តើគេអាចសម្គាល់ ប្រភេទ និងរោគសញ្ញា នៃជំងឺនេះបានយ៉ាងដូចម្ដេច?
វេជ្ជបណ្ឌិត សេង ម៉ាឡា៖ ផ្អែកតាម NRS (National Rosacea Society) ជំងឺមុខក្រហមត្រូវបានចែកជា៤ប្រភេទ៖
១.Erythematotelangectatic: ក្រហម ក្រហាយ និង មានសរសៃឈាមតូចៗលើផ្ទៃមុខ។
២.Papulopustular Rosacea: មុខក្រហម កន្ទួលក្រហមតូចៗ និងមានកន្ទួលក្រហមមានខ្ទុះ នៅលើផ្ទៃមុខ។
៣.Phymatous Rosacea: ស្បែកនៅច្រមុះ ត្រចៀកសងខាង ថ្ងាស ចង្កា ឡើងក្រាស់ និងមានវត្តមានដុំនៅគៀកៗគ្នា។
៤.Ocular Rosacea: ភ្នែកឡើងក្រហម រលាក ស្ងួត ក្រហាយ។
វេជ្ជបណ្ឌិត សេង ម៉ាឡា
Sabay៖ តើអាចព្យាបាលជំងឺនេះតាមរបៀបណា?
វេជ្ជបណ្ឌិត សេង ម៉ាឡា៖ ជំងឺនេះជាជំងឺមួយដែលអាចព្យាបាលជាសះស្បើយ ប៉ុន្តែវាអាចកើតឡើងវិញ ហើយការព្យាបាលតម្រូវឲ្យអ្នកជំងឺធ្វើការកាត់បន្ថយនូវកត្តាដែល អាចបង្កឲ្យកើតជំងឺ រួមជាមួយនឹងការប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃ ពាក់មួក ឬប្រើឆត្រពេលចេញទៅនៅក្រោមកម្ដៅថ្ងៃ និងប្រើប្រាស់ឱសថប្រភេទលាប និងលេប។ ករណីចាំបាច់គួរជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញសើស្បែក ដើម្បីវិនិច្ឆ័យប្រភេទជំងឺ និងវិធីព្យាបាលដ៏សមស្រប។
ម្ចាស់គ្លីនិកសើស្បែកទឹកថ្លាខាងលើ បានបញ្ជាក់ថា បើផ្អែកតាម NRS (National Rosacea Society) ប្រជាជនប្រមាណ១៦លាននាក់ជុំវិញពិភពលោក បានកើតមានបញ្ហានេះ ហើយជំងឺនេះកើតលើស្រី្តច្រើនជាងបុរស ដែលវ័យកណ្ដាល អាយុចន្លោះពី ៣០ ទៅ ៥០ឆ្នាំ ប៉ុន្តែវាក៏អាចកើតមានលើវ័យចាស់ និងជំទង់ដែរ៕