ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 2104 ដង / 2016-06-14, 14:46:28

កម្ពុជាគ្រោងសាងសង់ Express Way តម្លៃជាង2,000លានដុល្លារ

ក្នុង​គោល​ដៅ​ទាក់​ទាញ​យក​តម្លៃ​បន្ថែម​ពី​សេដ្ឋកិច្ច និង​ដើម្បី​កាត់​បន្ថយ​តម្លៃ​លើ​សេវា​ដឹកជញ្ជូន​នោះ​ រាជ​រដ្ឋាភិ​បាល​កម្ពុជា​គ្រោង​នឹងសហការ​ជា​មួយ​អ្នក​វិនិយោគ​ជប៉ុន​ដើម្បី​សាង​សង់​ផ្លូវ​ល្បឿន​លឿន Express Way មួយ​​ខ្សែ​ដែល​មាន​តម្លៃ​ជាង​2,000​លាន​ដុល្លារ ដោយ​ចាប់​ផ្តើម​ចេញ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ក្រុង​បាវិត​ជាប់ព្រំប្រទល់​ប្រទេស​វៀតណា។

 

 

អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក​បណ្ឌិត ម៉ី កល្យាណបាន​ថ្លែង​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ក្រុង​បាវិត អាច​នឹង​ចាប់​ផ្តើមនា​ពេល​​ឆាប់ៗ​នេះ​ហើយ ​ព្រោះ​គ​ម្រោង​នេះ​​​កំពុង​សិក្សា​ដោយ​ទីភ្នាក់ងារ​សហ​តិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (​JICA) និង​ទទួល​បាន​ការ​យល់ព្រម​ពី​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន រួចហើយ។ លោក​បាន​បន្ត​ថា គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​មិន​ធ្វើ​នៅ​លើផ្លូវ​ជាតិ​លេខ1​ទេព្រោះ​បើ​ធ្វើ​លើផ្លូវ​ជាតិ​លេខ1 ​នឹង​មាន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ច្រើន​។

លោក​បានមាន​ប្រសាសន៍​ថា ៖ “គម្រោង​សាង​សង់​ផ្លូវ​នេះ​គ្រោង​នឹង​ចំណាយប្រាក់​ជាង​ 2,000​លាន​ដុល្លារអាមេរិកដែលថវិកានេះ​គេ​នៅ មិន​ទាន់​ដឹងថា ​បាន​ពី​ប្រភព​ណា ឬ​ជា​ថវិកា​កម្ចី​សម្បទាន​ពី​ប្រទេស​ជប៉ុន​​​នោះ​ទេ​”។ លោក​បាន​បន្ត​ថា​ ៖ “ការ​ធ្វើ​ផ្លូវ​ថ្មី​នេះ​នឹង​ធ្វើ​ឱ្យ​មាន​តំបន់​អភិវឌ្ឍន៍​ថ្មី​បន្ថែម​ទៀត​​ផង​ដែរ​”។

អ្នកវិភាគ​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា អ្វីដែល​ពិសេស​នោះ​គឺ​កម្ពុជា​ស្ថិត​នៅ​ចន្លោះ​រវាង​ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ ដែល​ចំណុច​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​ជាច្រើន​នាពេល​អនាគត។ លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​រាជ​រដ្ឋាភិបាល​ក៏​មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ផងដែរ ដែល​ផ្លូវ​ថ្មី​នេះ​គ្រោង​នឹង​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន ប៉ុន្តែ​ដំណើរការ​រៀប​ចំ​​សាងសង់​ផ្លូវ​នេះ​ហាក់​នៅ​មាន​លក្ខណៈ​ស្មុគស្មាញ​នៅឡើយ។

លោក ​វ៉ា ស៊ីម​សូរិយា​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​ថ្លែង​ថា ការ​សិក្សា​ផ្លូវ​ល្បឿន​លឿន​នេះ​ជិត​ចប់​ហើយ ដោយ​ពេល​នេះ​កំពុង​​ដំណើរ​ការ​ចរចា​ជាមួយ​ប្រទេស​វៀតណាមទាក់​ទង​នឹង​ការ​ត​ភ្ជាប់​​គ្នា និង​ការបើក​ព្រំដែន​ថ្មី ឬក៏​គម្រោង​ផ្លូវ​នេះ​ភ្ជាប់​ទៅកាន់​ព្រំដែន​បាវិត ខណៈ​ពេល​នេះ​ប្រទេស​វៀតណាម​នៅ​មិន​ទាន់​​ឆ្លើយតប​​ទេ។ លោក​បន្តថា តាម​គម្រោង​របស់​ជប៉ុន​ផ្លូវ​នេះ​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ក្នុងឆ្នាំ2033 ប៉ុន្តែ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល​ រដ្ឋ​មន្ត្រី​ក្រសួង​​សាធារណការ និង​ដឹកជញ្ជូន​ បានបង្ហាញ​បំណង​ចង់​ឱ្យ​ការសាងសង់​​​ផ្លូវ​នេះ​បញ្ចប់​ក្នុង​ឆ្នាំ​2023​។

លោក ​វ៉ា ស៊ីម​សូរិយា​ បានថ្លែងថា ៖ “ផ្លូវ​នេះ​នឹងធ្វើ​ឡើង​ដោយ​វិស័យ​ឯកជន និង​ថែរក្សា​ផ្លូវ​ដោយ​ក្រុមហ៊ុន​ឯកជន ព្រោះ​ផ្លូវ​នេះ​ជា​តម្លៃបន្ថែម​មួយ​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់កម្ពុជា​បន្ថែម​ទៀត”។

ផ្លូវ​ថ្មី​នេះ​នឹង​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​នៃ​ទន្លេ​មេគង្គ ដោយ​មាន​ប្រវែង​ប្រហែល​160​គីឡូម៉ែត្រ​ចេញពី​រាជ​ធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ព្រំដែន​វៀត-​ណាម។ ការសាងសង់​ផ្លូវ​នេះ​នឹងធ្វើ​ឡើង​ជា​បី​ដំណាក់​កាល ដោយ​ដំណាក់​កាល​ទី1 ចាប់​ផ្តើម​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តព្រៃវែង ដំណាក់​កាល​ទី​2 ចាប់ផ្តើម​ពី​ខេត្ត​ព្រៃវែង​ទៅកាន់​ខេត្ត​ស្វាយ​រៀង និង​ជំហាន​ទី​3 ចេញពី​ខេត្តស្វាយរៀង​ទៅដល់​ព្រំប្រទល់​ប្រទេស​វៀតណាម។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ​ច្រឹ​ក សុខ​នី​ម ​បាន​និយាយ​ថា ផ្លូវជាតិ​លេខ1​កំពុង​ទទួល​ការ​ចាប់អារម្មណ៍ និង​មានការ​អភិវឌ្ឍ​បែប​ស្ងៀម​ស្ងាត់ ខណៈ​​នៅ​ពេល​នេះ​មាន​អ្នក​វិនិយោគ​ចិន​ជាច្រើន​កំពុង​ប្រមូល​ទិញ​ដី​​នៅ​ស្របតាម​បណ្តោយ​ផ្លូវ​ថ្មី​នេះ។ លោក​បាន​​បន្តថា ផ្លូវជាតិ​លេខ1 នឹង​មាន​ការ​​អភិវឌ្ឍ​ខ្លាំង​នា​ពេល​អនាគត ព្រោះ​មាន​គម្រោង​វិនិយោគ​ធំៗ​ជា​ច្រើន​គ្រោង​នឹង​​រៀបចំ​ដំណើរការ​នៅ​តំបន់​នោះ​។

លោក ឈឹម ផល្លា​ ប្រធាន​នាយកដ្ឋាន​ទំនាក់​ទំនង​អន្តរជាតិ​ទទួល​បន្ទុក​គម្រោង​របស់​ប្រទេស​ជប៉ុន​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​បាន​ប្រាប់​ថា តាម​ការ​សិក្សា​បង្ហាញ​ថា កម្ពុជា​ត្រូវ​ការ​ផ្លូវ​ល្បឿន​លឿន​ប្រវែង​ជាង​​2,000​គីឡូ​ម៉ែត្រ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ដឹកជញ្ជូន និង​លើកកម្ពស់​សេដ្ឋកិច្ច​ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​ក្រសួង​បាន​និង​កំពុង​គិតពី​ការស្ថាបនា​ផ្លូវ​អាទិភាព​ជាមុន​សិន គឺ​ផ្លូវ​ល្បឿន​លឿន​ចេញពី​រាជធានី​ភ្នំពេញ​ទៅកាន់​ក្រុង​បាវិត និង​ផ្លូវ​ល្បឿន​លឿន​ចេញពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ។

លោក​បាន​អះអាងថា ៖ “ចំពោះ​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ចេញពី​​ភ្នំពេញ​ទៅកាន់​ក្រុង​បាវិត នេះ ក្រុមហ៊ុន​ជំនាញ ​និង​អ្នក​បច្ចេកទេស​នៃ​អង្គការ ​JICA កំពុង​សិក្សា​ដោយ​មិន​ទាន់​ដឹង​ថា​នឹង​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​គម្រោង​នេះ​រលូន​ទៅមុខ ការ​សាងសង់​ផ្លូវ​នេះ​នឹង​អាច​ចាប់​ផ្តើម​ក្នុង​ឆ្នាំ2018 ឬ​ឆ្នាំ​2019”។ លោក​បន្ត​ថា ៖ “វា​ជា​ផ្លូវ​ល្បឿន​លឿន ប្រសិន​បើ​ផ្លូវ​ធម្មតា​ធ្វើ​ដំណើរ​4ម៉ោង តែ​នៅ​ពេល​ផ្លូវ​នេះ​សាងសង់​រួច​ការ​ធ្វើ​ដំណើរ​អាច​កាត់បន្ថយ​មក​ត្រឹម​1.30​ម៉ោង ទៅ 2​ម៉ោង​ប៉ុណ្ណោះ ព្រោះ​ផ្លូវ​នេះ​នឹង​មាន​ចំណុច​ឆ្លង​កាត់​ពី​មួយ​ទៅ​មួយ​ប្រវែង​10​គីឡូម៉ែត្រ​ឯណោះ”។

លោក​ ផល្លា បាន​បន្ត​ថា ផ្លូវ​នេះ​ជា​ប្រភេទ​ផ្លូវ​បង់​ប្រាក់ ដូច្នេះ​ប្រសិន​បើ​ប្រជាពលរដ្ឋ​មិន​ចង់​បង់ប្រាក់​អាច​ធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ1 ​បាន។ តាម​គម្រោង​ផ្លូវ​នេះ​អាច​បើកបរ​ក្នុង​ល្បឿន 130​ ទៅ 150​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕