ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 2017 ដង / 2016-05-23, 13:27:26

អាជ្ញាធរជាតិអប្សរា រៀបចំប្រឡាយ រំដោះទឹក នៅប្រាសាទ បន្ទាយស្រី

ក្រុមអ្នកជំនាញ ផ្នែកគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុងរៀបចំប្រព័ន្ធទឹក ដោយបង្កប់ទុយោ ដាក់តាម បណ្តោយផ្លូវចូលខ្លោងទ្វារ ចូលទៅកសិណប្រាសាទបន្ទាយស្រី ដើម្បីបញ្ជូនទឹកកុំឲ្យដក់នៅយូរពេលភ្លៀង និងលើកតម្លៃ ទេសភាពវប្បធម៌ប្រាសាទ ព្រមទាំងសម្រួល ធ្វើដំណើរភ្ញៀវទេសចរក្នុងរដូវភ្លៀង។ 

លោក សារាយ គឹមហួល អ្នកជំនាញបុរាណវិទ្យាបានឲ្យដឹងថា កូនប្រឡាយតូច ដែលត្រូវជីករៀបចំប្រព័ន្ធទឹកនេះ មានពីរខាង អមផ្លូវចូល ដោយម្ខាងៗមានប្រវែង៧៥ម៉ែត្រ ចេញពីចំណុចខ្លោងទ្វារ ចេញទៅភ្ជាប់នឹងរន្ធទឹកចាស់ ដែលបន្សល់ទុកពី សម័យបុរាណ បង្ហួសចូលទៅកសិណ។

កិច្ចការនេះ ធ្វើឡើងដោយមានកិច្ចសហការ រវាងនាយកដ្ឋានគ្រប់គ្រងទឹក និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្នុងការធ្វើកំណាយបុរាណវិទ្យា មុននឹងឈានដល់ ការជីកប្រឡាយបង្កប់ទុយោ។

លោក សារាយ គឹមហួល បានបញ្ជាក់ថា ក្រុមរបស់លោកបានមកសិក្សា និងធ្វើកំណាយបុរាណវិទ្យា ដោយធ្វើការជីកសាកល្បង នៅតាមបណ្តោយផ្លូវ ដែលត្រូវរៀបចំប្រព័ន្ធទឹករយៈពេល ជិត៣ខែមកហើយ។ ការធ្វើកំណាយបុរាណវិទ្យានេះ ដើម្បីធានា ការរៀបចំប្រព័ន្ធទឹក នឹងមិនប៉ះពាល់បេតិកភណ្ឌ ដែលកប់នៅក្នុងដី។

លោក ញ៉ែម រស្មី មន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងទឹក ដែលកំពុងដឹកនាំការងារបានពន្យល់ថា ឆ្នាំមុនៗពេលភ្លៀងធ្លាក់ម្តងៗ តែងមាន ទឹកដក់នៅយូរជាប់នឹងមាត់ផ្លូវ អាចធ្វើឲ្យមានបញ្ហាដល់ថ្មប្រាសាទ និងធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរ ជាពិសេស គឺធ្វើឲ្យបាត់បង់ សម្រស់ប្រាសាទមួយផ្នែកផងដែរ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៧ ក្នុងពេលដែលប្រទេសស្វីស កំពុងធ្វើការអភិរក្សប្រាសាទបន្ទាយស្រី ក្រុមអ្នកជំនាញ ក៏បានធ្វើប្រព័ន្ធទឹករួចម្តងហើយ តែការធ្វើនោះ គឺធ្វើតែផ្នែកខាងក្នុងនៃប្រាសាទតែប៉ុណ្ណោះ ដើម្បីរំដោះទឹកពីក្នុងប្រាសាទ ចូលកសិណ ដោយពុំបានធ្វើប្រព័ន្ធរំដោះទឹក តាមបណ្តោយផ្លូវចូលនេះឡើយ ធ្វើឲ្យមានដក់ទឹកនៅតាមបណ្តោយផ្លូវ ចូលនេះជាហូរហែរៀងមក៕