ការប្រើប្រាស់បច្ចេកវិទ្យាឡាស៊ែបានពិនិត្យទៅលើ ស្ថានភាពផ្ទៃដី ក៏បានរកឃើញអាណាចក្រទីក្រុងបុរាណដ៏ស្កឹមស្កៃ ដែលបង្កប់ក្នុងព្រៃអង្គរវត្តនៃព្រះរាជាណាចក្រកម្ពុជា ដែលទីក្រុងបុរាណទាំងនោះ ត្រូវគេដឹងថា បានកសាងតាំងពីសតវត្សន៍ទី១២មកម្ល៉េះ ។
បុរាណវិទូបានរកឃើញទីក្រុងជាច្រើន ដែលមិនបានមានកំណត់ត្រាពីមុនមក នៅក្នុងឯកសារ និងមានអាយុកាលចន្លោះពី៩០០ឆ្នាំ ទៅ១៤០០ឆ្នាំ នៅទីក្រុងអង្គរ ។ ទីក្រុងបុរាណទាំងនោះ ខ្លះ មានទំហំធំជាងទីក្រុងបច្ចុប្បន្នទៅទៀត ។
ការស្រាវជ្រាវរកគឺដឹកនាំដោយលោកដុកទ័រ Damian Evans រួមជាមួយសាកលវិទ្យាល័យនៃទីក្រុងស៊ីដនីនេះ បានធ្វើនៅឆ្នាំ២០១៥ ដោយប្រើប្រាស់បច្ចេកវិទ្យាឡាស៊ែពិនិត្យមើល ស្ថានភាពផ្ទៃដី ដែលអាចឱ្យយើងឃើញសភាពគ្រប់យ៉ាងនៅលើផ្ទៃផែនដី ។ គេបានឃើញមានប្រាសាទផ្លូវ និងប្រព័ន្ធទឹកខ្វាត់ខ្វែងនៅក្នុងព្រៃក្បែរអង្គរវត្ត ។
លោកដុកទ័រ Damian Evans បានប្រាប់ឲ្យដឹងថា ការរកឃើញនេះ គឺអាចទាញសេចក្តីសន្និដ្ឋានថា យើងមិនដែលធ្លាប់គិតដល់ថា មនុស្សបានផ្លាស់ប្តូរអ្វីៗ ដែលនៅជុំវិញគេដល់ថ្នាក់នេះសោះ។អ្នកជំនាញផែ្នកបុរាណវិទ្យាលោក David Chandler ជឿថា របកគំហើញនេះ ជាជំហានមួយយ៉ាងសំខាន់ ដែលអាចឱ្យយើងដឹងពីការរីកចម្រើន និងការថយចុះឥទ្ធិពលរបស់សម័យអង្គរឱ្យកាន់តែច្បាស់លាស់ ។