ទំព័រដើម   |   អំពីយើង   |   ទំនាក់ទំនង   |   English

 
មើល 1490 ដង / 2015-06-12, 14:49:54

temple ទិដ្ឋភាព​ប្រាសាទ​ភ្នំ ​ថ្ម​ដុះ នៅភ្នំតាម៉ៅ ​ស្ទើរតែ​រលាយ​រូបឆោម​ទៅ​ហើយ

ភ្ញៀវ​ដែល​បាន អញ្ជើញ​ទៅទស្សនា​សួនសត្វ​ភ្នំ​តាម៉ៅ​គេ​តែង​បាន​ធ្វើ​ដំណើរ​នៅ​ជិត​នោះ​ដែរ​ គឺ​នៅ​ជ្រុង​ប៉ែក​ពាយ័ព្យ​នៃ​វត្ត​ភ្នំ​តា​ម៉ៅ​នោះ គេ​នឹង​បាន​ឃើញ​ប្រាសាទ​បុរាណ​សង់​អំពី​ឥដ្ឋ​ដី​ដុត​មាន​សភាព​ទ្រុឌទ្រោម​ រុះរោយ​បែកបាក់​ស្ទើរតែ​រលាយ​រូប​ឆោម​ទៅ​ហើយ។ ប្រាសាទ​ដ៏​ចាស់​ជរា​នេះ​មាន​ឈ្មោះ​ថា ប្រាសាទ​ភ្នំថ្មដុះ ដែល​ឋិតនៅ​ក្នុង​ចង្កោម​នៃ​ភ្នំ​តាម៉ៅ ក្នុង​ឃុំត្រពាំង​សាប​ ស្រុក​បាទី​​ ខេត្ត​តាកែវ។ តើមាន​ហេតុ​ផលយ៉ាង​ណា​ទើប​ដូនតា​ដាក់​ឈ្មោះ​ប្រាសាទនេះថា ជា​ប្រាសាទ​​ភ្នំ ថ្មដុះ?
 

 

temple

 

បើផ្អែក​តាមឯកសារ​មានចំណងជើងថា​ ៖​ រឿង​ព្រេង​ខ្មែរ​ស្តី​អំពីប្រវត្តិភ្នំចងក្រង​ឡើង​ដោយ​លោក​ ម.ត្រាណេ ​ ភាគ១ ត្រង់​ទំព័រ​ទី១​មាន​អត្ថបទ​អំពី អត្ថន័យ​និង​អត្ថរស​របស់​រឿង​ព្រេង​ខ្មែរ​បាន​បញ្ជាក់​អំពី​ប្រវត្តិ​ ព័ត៌មាន​នៃ​ភ្នំ​ថ្ម​ដុះ​ស្រុក​បាទី ខេត្ត​តាកែវ​ថា ប្រាសាទ​នេះ​កសាង​តាំង​ពី​សតវត្សរ៍ទី៧ នៃគ្រិស្តសករាជដែល​ជា​បូជនីយដ្ឋាន ដ៏​ស័ក្តិសិទ្ធិ​នា​សម័យ​កាល​នោះ។

ជាការ​ពិតណាស់​ជាធម្មតា​ ប្រាង្គប្រាសាទ​ដទៃទៀតគេតែងបានឃើញនៅខេត្ត​​កណ្តាល​នៃប្រាង្គជា​ទូទៅ​ មានតម្កល់​ទេវរូប ឬជាអាទិទេព​និងខ្លះទៀត​តម្កល់​ព្រះបដិមា។ ដោយឡែក​តែប្រាសាទ​ភ្នំថ្មដុះ ប៉ុណ្ណោះ​ដែលបុព្វបុរស​សង់ប្រាសាទ​អពី​ឥដ្ឋ​តែមិនមាន​តម្កល់​ទេវ​រូប​នោះទេ។ អ្វីដែល​ជាការប្លែក​គួរអោយ​អ្នក​ទស្សនា​មានការចាប់​អារម្មណ៍​នោះគឺ ដូន​តាបានកសាង​ប្រាង្គប្រាសាទ​នេះ​ហ៊ុមព័ទ្ធថ្ម​តូច​មួយទំហំប៉ុនដំបូក​នៅចំ​ កណ្តាលប្រាង្គ​​ហើយ​ដែលថ្មដុះឡើង​នេះចេះតែ​មាន​ការ​រីក​​ចម្រើន។ តាម​ទស្សនៈ​ដូនតា ឬបុព្វ​បុរស​តែងយល់ថា ថ្មដែលដុះ​ប៉ុនកូនដំបូក​ឡើង​លើនេះ​ធ្វើការប្រៀបប្រដូចនឹងព្រះ​សិវលិង្គ​ គឺថ្មដែល​ដុះនោះហើយជា លិង្គ​ធម្មជាតិ​ដ៏​ត្រជាក់​ត្រជំ​រុងរឿង​បំផុត​។ អាស្រ័យដោយ​មូលហេតុនេះ​ហើយទើប​ដូនតា​បានកសាង​ប្រាសាទ​ភ្នំថ្ម ដុះនៅ​ទីនោះតាំងពី​សតវត្សរ៍ទី៧ នៃគ្រិស្តសករាជមកម៉្លេះ។

គប្បី​បញ្ជាក់ថា ក្នុងអំឡុង​សតវត្សរ៍ទី៧ នោះ​បើតាមកាលបរិច្ឆេទនៃទំព័រ ប្រវត្តិសាស្ត្រកម្ពុជា​អាចកំណត់​បានថា ជាចុងសម័យអាណាចក្រ​គរភ្នំនិងនៅ​ដើម​សម័យចេនឡា ផងដែរ។ ជាក់​ស្តែង​ប្រាសាទ​ភ្នំ​ថ្មដុះ ក៏មាន​លក្ខណៈដូចជា ប្រាសាទ​សំបូរព្រៃគុក​ជាការស្ថាបនាឡើង​ដោយ​ព្រះបាទ​ឥសានវរ្ម័នទី១ ហៅថា​រាជធានី​ឥសានបុរៈយ៉ាងនោះដែរ។ ជាពិសេស​គេ​អាច​យល់​ឃើញថា ក្នុង​សតវត្សរ៍ទី​៧ នោះ​គឺ​ភាគច្រើន​បំផុត​ដែល​សំណង់​ប្រាង្គប្រាសាទ​ធ្វើអំពី​ឥដ្ឋ​ដី​ដុត។ ទន្ទឹមនេះ​ដែរក៏​គេបាន​កត់​សំគាល់​ឃើញ​ថា​ ការកសាងប្រាង្គប្រាសាទ​កាលពី​សម័យនោះ​គឺបុព្វបុរស​ដែលមាន​ទាំងដូនតាខ្មែរ​ រហូតដល់​ព្រះមហាក្សត្រ​ផង​នោះ​តែង​គោរព​ព្រហ្មញ្ញ​ សាសនា​និកាយ​ខាងព្រះឥសូរដែល​​តំណាង​ដោយព្រះ​សិវលិង្គ​ក្នុងការ​តម្កល​់​លើ បល្ល័ង្កឧមាយោនី ដ៏ល្បីល្បាញ​និងពេញនិយម​នាសម័យនោះ។ ប៉ុន្តែ​អ្វីដែល​រឹត​តែជាទីឋានដ៏ពិសិដ្ឋ​ណាស់​ទៅទៀត​គឺការ​និយម​ភ្នំ​ តំណាងអោយ​ឋានកៃលាសទីប្រថាប់​គង់​នៅនៃព្រះ​អាទិទេព​។​ ទន្ទឹម​នេះដែរចំពោះ​ថ្មភ្នំ​ដែលមាន​សណ្ឋានដូច​លិង្គស្រួចលូត​មក​ខាងលើ​ បែបទោល​នោះគេសន្មតថា ជាលិង្គ​ធម្មជាតិ​ដែលកាន់តែ​មានភាព​ស័ក្តិសិទ្ធិ​ជាង​លិង្គ​ ជាសិប្បនិមិត្តទៅទៀត។ ដោយ​សារ​ថ្មដុះ​ចេះតែ​ដុះឡើង​ប្លែក​ដែល​ពីមុន​មកនោះវាមានភាព​តូចទាប​នោះទេ​ តែគេឃើញ​មានការ​ដុះយ៉ាង​នេះទើប​គេកសាង​ប្រាសាទក្នុង​ន័យ​តម្កល់​ថ្មដុះ​ នោះទុក​ជាទីសក្ការបូជា ដូចការគោរព​ព្រះសិវលិង្គតាមប្រាសាទ​នានាដែរ។

នេះហើយ​ដែលជា​បុព្វហេតុនៃ​ដូនតា​ សម័យ​បុរាណ​បាន​កសាងប្រាង្គប្រាសាទ​ឈ្មោះថា ប្រាសាទ​ភ្នំថ្មដុះ នៅក្នុង​ផ្នែក​មួយនៃ​ភ្នំតាម៉ៅ។ តែពេលវេលា​កន្លង​ផុតទៅ​ជាង១៣០០ឆ្នាំ​ប្លាយ​ទៅហើយ​ដែលបណ្តាលអោយប្រាសាទ​ ភ្នំថ្មដុះ​មានការ​ទ្រុឌទ្រោម​រុះរោយ​យ៉ាង​នេះ៕